ហត្ថាកសិករ លីមីតធីត បង្កើនដើមទុនរហូតដល់ ១៥០ លានដុល្លារអាមេរិក

ភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨៖  ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មាន ទស្សនវិស័យជួយអោយអតិថិជនរបស់ខ្លួនទទួលបានជោគជ័យលើអាជីវកម្ម។ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងដើម្បី បំពេញតំរូវការហិរញ្ញវត្ថុរបស់អតិថិជន ព្រមទាំងបង្កើតអោយមានសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដូចនេះហើយទើបហត្ថាកសិករ បាន បង្កើនដើមទុនថ្មីចំនួន ៤៥លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើអោយដើមទុនបានកើនឡើងរហូតដល់ ១៥០លានដុល្លារអាមេរិក ។ 

ការបង្កើនដើមទុននៅពេលនេះ បានបង្ហាញនូវការវិនិយោគថ្មីបន្ថែមទៀតរបស់ធនាគារក្រុងស្រ៊ី ដែលជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ អន្តរជាតិ Mitsubishi UFJ Financial Group (MUFG)  ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទសជប៉ុន និងជាសម្ព័ន្ធ សេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។ ការវិនិយោគថ្មីនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត របស់ធនាគារក្រុងស្រ៊ី មកលើថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងរបស់ហត្ថាកសិករ ដែលបានធ្វើអោយហត្ថាកសិករ មានការរីកចំរើនថែមមួយ កម្រិតទៀត និងបំរើសេវាកម្មជូនអតិថិជនកាន់តែទូលំទូលាយ បន្ទាប់ពីបានក្លាយជាម្ចាស់ភាគទុននិកថ្មីរបស់ហត្ថាកសិករក្នុងឆ្នាំ ២០១៦។ ធនាគារក្រុងស្រ៊ី សង្ឃឹមយ៉ាងមុតមាំថា ការបង្កើនដើមទុននៅពេលនេះនឹងអាចចូលរួមចំនែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។         

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានលើកឡើងថា ការបន្ថែមដើមទុនថ្មីនេះ អាចអោយហត្ថាកសិករ បន្តការរីកចម្រើន និងរក្សាបាននូវភាពខ្លាំងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា ព្រមទាំងធ្វើអោយសម្រេចបានទៅតាមបេសកកម្ម និង ទស្សនវិស័យរបស់ខ្លួនផងដែរ។ កាន់តែសំខាន់ជាងនេះទៅទៀត វាមិនត្រឹមតែបានបង្ហាញពីការធានា អំពីសេ្ថរភាពអាជីវកម្មរបស់ ហត្ថាកសិករប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីជំនឿជឿជាក់របស់អតិថិជន វិនិយោគទុន និងសាធារណជនមកលើហត្ថាកសិករផងដែរ។ ការសម្រេចបាននៅក្នុង ពេលនេះ ប្រាកដជាមិនអាចកើតមានទេ ប្រសិនបើមិនមានការគាំទ្រពីសំណាក់ស្ថាប័នដែលពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ហួត អៀងតុង សូមសំដែងនូវការដឹងគុណ និងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងតែគំាទ្រ និងជំរុញលើកទឹកចិត្ត ដើម្បីធ្វើអោយហត្ថាកសិករ បានរីកលូតលាស់ និងជោគជ័យមួយកម្រិតទៀត។ 

លោក Dan Harsono អនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ហត្ថាកសិករ បានលើកឡើងថា “ ការបន្ថែមដើមទុនថ្មីចំនួន ៤៥លានដុល្លារអាមេរិកនៅថ្ងៃនេះ គឺបានបង្ហាញពី ជំនឿចិត្តយ៉ាងមុតមាំរបស់ធនាគារក្រុងស្រ៊ី ទៅលើការរីកចម្រើន និងស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា  ហើយយើងនឹងនៅតែបន្តសហការ និង គាំទ្រដល់ហត្ថាកសិករជានិច្ច។”
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មប្រមូលប្រាក់បញ្ញើសន្សំពីសាធារណជនធំ លំដាប់ទី៣ នៅប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ ហត្ថាកសិករបានក្លាយជាស្ថាប័នឈានមុខគេ ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែបដល់អតិថិជនជាសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងអតិថិជនជារូបវន្តបុគ្គលដូចជាសេវាឥណទានអាជីវកម្ម និងកសិកម្ម ខ្នាតតូចបំផុត សេវាឥណទានខ្នាតតូច និងមធ្យម សេវាឥណទានគេហដ្ឋាន សេវាឥណទានកែលំអគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ និងសេវាហិរញ្ញវត្ថុ ផ្សេងៗទៀតនៅគ្រប់ការិយាល័យទាំង ១៧៨ និងអេធីអឹមទាំង ១២៩ (២៤/៧) ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ហត្ថាកសិករ មានសេវាធនាគារចល័តដែលអាចបំរើអតិថិជនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។    គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ហត្ថាកសិករ មានសមតុល្យប្រាក់បញ្ញើសន្សំចំនួន ៤០៩លានដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ២២៧,៦៧៩នាក់ និងមានសំពៀត ឥណទានចំនួន ៦៦០លានដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ១៣៥,៣៤៥នាក់។ ហត្ថាកសិករ មានទ្រព្យសកម្មសរុបចំនួន ៨០៤លានដុល្លារអាមេរិក គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ។

នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃធនាគារ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទសជប៉ុន និងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
 
 
 

របាយការណ៍ប្រចាំឆ្នាំ២០១៦
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៦។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ