“សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ ១” នឹងត្រូវបានបោះផ្សាយជាសាធារណៈ ដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានទទួលលិខិតអនុញ្ញាតពី ធនាគារជាតិនៃកម្ពុជា រួចហើយសម្រាប់ ការបោះផ្សាយមូលបត្របំណុល ជាប្រភេទសញ្ញាប័ណ្ណសាជីវកម្ម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះបើយោងតាមប្រសាសន៍របស់ លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត។ 

លោក ឧកញ៉ា ហួត អៀងតុង បានលើកឡើងថា៖ “ខ្ញុំពិតជាមានមោទភាពណាស់ដែលធនាគារជាតិ នៃកម្ពុជាបានចេញលិខិតមិនជំទាស់ចំពោះការបោះផ្សាយនូវសញ្ញាប័ណ្ណសាជីវកម្មរបស់ហត្ថាកសិករ លីមីតធីត នាពេលនេះ។ យើងនឹងក្លាយជាក្រុមហ៊ុនទីមួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបោះផ្សាយមូលបត្របំណុល។”
 
“សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ ១” នឹងត្រូវបោះផ្សាយដោយហត្ថាកសិករ លីមីតធីត និងត្រូវធ្វើសំណើលក់ ក្នុងចំនួនប្រាក់ដើមសរុប ៨០ ពាន់លានរៀល ជាមួយនឹងលទ្ធភាពដែលអាចលក់បន្ថែមរហូតដល់ ៤០ ពាន់លានរៀល ក្នុងករណីមានតម្រូវការលើសពីវិនិយោគិនគោលដៅ ។ សញ្ញាប័ណ្ណសាជីវកម្មមានរយៈពេល បីឆ្នាំ និងអត្រាគូប៉ុងប្រចាំឆ្នាំរបស់សញ្ញាប័ណ្ណគឺពី ៧,៥០% ទៅ ៨,៥០%។ ដោយមានជំនួយ និងបទពិសោធន៍ពីទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រ SBI ROYAL SECURITIES ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន សង្ឃឹមយ៉ាងមុតមាំថា ការបោះផ្សាយសញ្ញាប័ណ្ណនេះ នឹងទទួលបានជោគជ័យ ដើម្បីបង្កើតស្តង់ដារសម្រាប់ការបោះផ្សាយមូលបត្របំណុល និងផ្សារមូលបត្របំណុលនៅព្រះរាជាណាចក្រកម្ពុជា។
 
លោក ឧកញ៉ា ហួត អៀងតុង បានបញ្ជាក់បន្ថែមទៀតថា៖ “ហត្ថាកសិករ លីមីតធីត មានបំណងប្រើប្រាស់សាច់ប្រាក់សុទ្ធ ក្នុងការធ្វើហិរញ្ញប្បទានកំណើននៃអាជីវកម្មឥណទាន        រួមទាំងជាទុនបង្វិល និងសម្រាប់គោលបំណងទូទៅផ្សេងទៀតរបស់ក្រុមហ៊ុន។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់រៀលនេះ ក៏នឹងជួយគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅតាមជនបទ និងទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
 
បន្ទាប់ពីទទួលលិខិតមិនជំទាស់ពី ធនាគារជាតិនៃកម្ពុជា ហត្ថាកសិករ លីមីតធីត បានដាក់ជូនទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន នៅ គណៈកម្មការមូលបត្រកម្ពុជា ដើម្បីទទួលបានការអនុញ្ញាត និងយល់ព្រមលើការ បោះផ្សាយនិងចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់ ហត្ថាកសិករ លីមីតធីត ក្នុងក្របខ័ណ្ឌ AMBIF (ASEAN+3 MULTI-CURRENCY BOND ISSUANCE FRAMEWORK) និងបានដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីសម្រាប់ មូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជាផងដែរ ។ 
 
គម្រោងពេលរំពឹងទុកនៃការធ្វើបរិវិសកម្មសញ្ញាប័ណ្ណសាជីវកម្មរបស់ហត្ថាកសិករ លីមីតធីត គឺចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ ដោយរង់ចាំការអនុញ្ញាតលើការបោះផ្សាយពី គណៈកម្មការមូលបត្រកម្ពុជា។
 
អំពីហត្ថាកសិករ លីមីតធីត

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មប្រមូលប្រាក់បញ្ញើសន្សំពីសាធារណជនធំ លំដាប់ទី៣ នៅប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ ហត្ថាកសិករបានក្លាយជាស្ថាប័នឈានមុខគេ ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែបដល់អតិថិជនជាសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងអតិថិជនជារូបវន្តបុគ្គលដូចជាសេវាឥណទានអាជីវកម្ម និងកសិកម្ម ខ្នាតតូចបំផុត សេវាឥណទានខ្នាតតូច និងមធ្យម សេវាឥណទានគេហដ្ឋាន សេវាឥណទានកែលំអគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ និងសេវាហិរញ្ញវត្ថុ ផ្សេងៗទៀតនៅគ្រប់ការិយាល័យទាំង ១៧៨ និងអេធីអឹមទាំង ១២៩ (២៤/៧) ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ហត្ថាកសិករ មានសេវាធនាគារចល័តដែលអាចបំរើអតិថិជនបានគ្រប់ពេលវេលា និងទីកន្លែង។    គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ហត្ថាកសិករ មានសមតុល្យប្រាក់បញ្ញើសន្សំចំនួន ៤០៩លានដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ២២៧,៦៧៩នាក់ និងមានសំពៀត ឥណទានចំនួន ៦៦០លានដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ១៣៥,៣៤៥នាក់។ ហត្ថាកសិករ មានទ្រព្យសកម្មសរុបចំនួន ៨០៤លានដុល្លារអាមេរិក គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ។
 
នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជា ធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃធនាគារ MUFG ដែលជាសម្ព័ន្ធធនាគារ ធំជាងគេបំផុតនៅប្រទសជប៉ុន និងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
 
 
សម្រាប់ ហត្ថាកសិករ លីមីតធីត សូមទំនាក់ទំនង 
លោក ហ៊ឹម វិបុល 
អនុប្រធានអគ្គនាយក និងអគ្គនាយកហិរញ្ញវត្ថុ
ទូរសព្ទ ៖ +៨៥៥ ៩៣ ៧៧៧ ០៤៥ 
អ៊ីម៉ែល ៖ vibol.him@hkl.com.kh
 
សម្រាប់ SBI ROYAL SECURITIES សូមទំនាក់ទំនង 
លោក សេង ចាន់ធឿន
នាយកគ្រប់គ្រង ក្រុមហ៊ុន SBI ROYAL SECURITIES
ទូរសព្ទ៖ +៨៥៥ ៧៧ ៣៣៣ ៦២៩
អ៊ីម៉ែល៖ tseng@sbiroyal.com
 
 
 

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៩៩ នាក់
បុគ្គលិកភេទប្រុស ២,៣២៩ នាក់
បុគ្គលិកភេទស្រី ១,០៧០ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៩៦ លាន ដុល្លារ
អតិថិជនឥណទានសរុប ១៣៩,៧៣៧ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤៣៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៣១,៤០៥ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ