ហត្ថាកសិករ លើកទឹកចិត្តដល់កុមារក្នុងការរៀបចំផែនការហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃ

ភ្នំពេញថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨៖ បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករបានចូលរួមក្នុងសកម្មភាពសង្គម នៅតាមសាលាបឋមសិក្សានានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៨ មកម៉្លេះ។ ប្រមាណជាជិត២ខែកន្លងមកនេះ ហត្ថាកសិករបានចូលរួមជាមួយសាលាបឋមសិក្សាជាង២០ ដែលមានសិស្សានុ សិស្សចូលរួមប្រមាណជា ៩០០នាក់។  

ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃគឺជារបៀបវារៈដ៏សំខាន់ៗនៅក្នុងកម្មវិធីសហគមន៍នេះ។ លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖ “ យើងចង់បណ្តុះគំនិតដល់សិស្សានុសិស្សក្នុងការរៀបចំផែនការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ដែលក្នុងនោះវាអាចជួយសម្រួលដល់លទ្ធភាពក្នុងការសន្សំប្រាក់របស់ឳពុកម្តាយសម្រាប់ប្រើប្រាស់នាពេលអនាគត។ នៅពេលដែលពួកគេមានការយល់ដឹងពីការសន្សំប្រាក់ ពួកគេក៏អាចរៀបចំការរស់នៅជាប្រចាំថ្ងៃឲ្យបានប្រសើរជាងមុន ។” 
បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានចំណាយពេលចូលរួមក្នុងសកម្មភាពសង្គមនេះនៅរៀងរាល់ចុង សប្តាហ៍ជាមួយសិស្សានុសិស្សចាប់ពីថ្នាក់ទី ០១ រហូតដល់ថ្នាក់ទី៦ ដែលស្ថិតនៅតាមសាលាបឋមសិក្សានានានៅ ទីជនបទតាមខេត្ត ក៏ដូចជាទីក្រុងភ្នំពេញ។ ការចូលរួមនេះផងដែរ ត្រូវបានធ្វើឡើងតាមរយៈសកម្មភាពសប្បាយ រីករាយជាច្រើនដែលមានដូចជា៖ កម្មវិធីលេងល្បែងកំសាន្ត និងការច្រៀងចំរៀងជាដើម។ 

លោក អែម វាន់នី អាយុ៣៥ ឆ្នាំ ជានាយកសាលាបឋមសិក្សាអន្លង់ស្លែង ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តកណ្តាល បានចូលរួមជាមតិថា គាត់ពិតជាមានភាពសប្បាយរីករាយណាស់ដែលបានឃើញ សិស្សានុសិស្សរបស់គាត់ចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់ចូលរួមលេងល្បែងកំសាន្ត ដែលរៀបចំឡើងដោយបុគ្គលិករបស់ហត្ថាកសិករ។ លោកបន្ថែមទៀតថា៖ “នេះជាលើកទីមួយសម្រាប់សាលាបឋមសិក្សារបស់ខ្ញុំដែលស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយបានសហការជាមួយស្ថាប័នឯកជនដើម្បីឲ្យមានការបណ្តុះបណ្តាលបែបនេះ ។”

ពេលចូលរួមកម្មវិធីនេះ សិស្សានុសិស្សម្នាក់ៗទទួលបានសម្ភារៈសិក្សា កូនជ្រូកសន្សំប្រាក់ និងការទទួលទានអាហារសម្រន់ ផងដែរ។ សកម្មភាពសហគមន៍នេះ គឺជាផ្នែកមួយនៃកម្មវិធីអប់រំហិរញ្ញវត្ថុដែលមានគម្រោងជួយបណ្តុះបណ្តាលទៅកាន់សិស្សានុសិស្សប្រមាណជា ៤,០០០នាក់ នៅទូទាំងប្រទេសតាមរយៈបុគ្គលិកហត្ថាកសិករ ដែលមានជិត ៣,០០០នាក់សម្រាប់ត្រឹមចុងឆ្នាំ ២០១៨ ។

លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ បានលើកឡើងថា៖ “ខ្ញុំសូមអរគុណយ៉ាងស្មោះ ចំពោះបុគ្គលិករបស់ហត្ថាកសិករទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងជាពិសេស ការចំណាយពេលវេលាចុងសប្តាហ៍ដ៏មមាញឹករបស់ពួកគេ ចូលរួមក្នុងកិច្ចការសង្គមមួយនេះជាមួយកុមារាកុមារីតូចៗ ។ ហត្ថាកសិករ មិនត្រឹមតែផ្តល់នូវដំណោះស្រាយផ្នែកសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនប៉ុណ្ណោះទេ តែថែមទាំងខិតខំប្រឹងប្រែង បង្កើតនូវសហគមន៍ដែលមានចីរភាព តាមរយៈការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។
នៅឆ្នាំ ២០១៦ និង ២០១៧ ហត្ថាកសិករ បានទទួលជោគជ័យជាមួយសិក្ខាសាលាស្តីពីការអប់រំហិរញ្ញវត្ថុ ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ហើយក៏សម្រេចចិត្តបង្កើតនូវកម្មវិធីដូចគ្នាផងដែរ ដោយផ្តោតទៅលើកុមារនៅក្នុងឆ្នាំ ២០១៨។ ហត្ថាកសិករ តែងតែលើកទឹកចិត្តឲ្យនិយោជិតចូលរួមសកម្មភាពសង្គមនានាបន្តទៀតតាមដែលអាចធ្វើទៅបាន៕

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំធំជាងគេលំដាប់ទី ៣ នៅក្នុងប្រទេសកម្ពុជាដែលទទួលបាន អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ដោយបានធ្វើប្រតិបត្តិការអស់រយៈពេលជាង២០ ឆ្នាំមកហើយនៅលើទីផ្សារហិរញ្ញវត្ថុ ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុចម្រុះដល់អាជីវកម្មខ្នាតតូចបំផុត និងតូច ដល់អតិថិជនដូចជា៖ឥណទានខ្នាតតូចបំផុត  ឥណទានខ្នាតតូច និង មធ្យម ឥណទានគេហដ្ឋាន ឥណទានកែលម្អគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់ក្នុងស្រុក រួមទាំងសេវាកម្ម ហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត តាមរយៈសាខាចំនួន១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ ហត្ថាកសិករ មានសេវាធនាគារចល័ត ដែលជាសេវាកម្មងាយស្រួលនិងឆ្លាតវៃសម្រាប់បំរើ និងបំពេញតម្រូវការអតិថិជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួន ៤០៩ លានដុល្លារ ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំ ២២៧,៦៧៩ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៦៦០ លានដុល្លារអាមេរិក ដោយមានអតិថិជនចំនួន ១៣៥,៣៤៥ នាក់។ ទ្រព្យសកម្មសរុប របស់ ហត្ថាកសិករមានចំនួន ៨០៤ លានដុល្លារអាមេរិក។
 
នៅឆ្នាំ២០១៦ ហត្ថាកសិករ បានក្លាយជាបុត្រសម្ព័ន្ធនៃធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅព្រះរាជា ណាចក្រថៃឡង់ និងជាសមាជិកនៃធនាគារ MUFG សម្ព័ន្ធធនាគារដែលធំជាងគេនៅប្រទេសជប៉ុន និងជាក្រុមហិរញ្ញវត្ថុ ធំបំផុតមួយនៅក្នុងពិភពលោក។
 
 
 

របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែមិថុនា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៥៣ នាក់
បុគ្គលិកភេទប្រុស ២,៣០៦ នាក់
បុគ្គលិកភេទស្រី ១,០៤៧ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៦០ លាន ដុល្លា
អតិថិជនឥណទានសរុប ១៣៥,៣៤៥ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤០៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២២៧,៦៧៩ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ