ធនធានមនុស្ស
នាយកដ្ឋានធនធានមនុស្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងពង្រឹងដើមទុនជាធនធានមនុស្សរបស់ហត្ថាកសិករ ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍអង្គភាព ប្រកបដោយនិរន្តរភាពស្របតាមគោលការណ៍ប្រតិបត្ដិការអាជីវកម្ម។ យុទ្ធសាស្រ្តដ៏ មុតមាំរបស់នាយកដ្ឋានធនធានមនុស្សត្រូវបានបង្កើត និងពង្រឹងជាបន្តបន្ទាប់ធ្វើយ៉ាងណារក្សារុញច្រានស្ថាប័ន ឆ្ពោះទៅរកភាព ជោគជ័យដែលបានកំនត់ទុក។ ប្រតិបត្តិតាមគោលការណ៍យុទ្ធសាស្រ្ត ហត្ថាកសិករបានយក ចិត្តទុកដាក់ខ្ពស់ ទៅក្នុង អភិបាលកិច្ចល្អ និងកិច្ចការថែទាំបុគ្គលិក។ ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មនាដើមទសវត្សរ៍ឆ្នាំ៩០ ហត្ថាកសិករ តែងតែ ទទួលបានផលវិជ្ជមានជាច្រើនលើការគ្រប់គ្រងធនធានមនុស្ស ក្នុងនោះអត្រាលាលែងពីការងារ កំហុសវិជ្ជាជីវៈរបស់បុគ្គលិក និងការលួចបន្លំមានសន្ទុះទាបបំផុត។ ក្នុងឆ្នាំ២០១៦កន្លងទៅ អត្រាចាកចេញរបស់បុគ្គលិកហត្ថាកសិករមានចំនួនត្រឹម៨,៦៥ ភាគរយប៉ុណ្ណោះ ខណៈដែលបុគ្គលិកត្រូវបានជ្រើសរើសថ្មីមានរហូតដល់ ១៣១នាក់ ដែលធ្វើអោយចំនួនបុគ្គលិក សរុបកើន ឡើងរហូតដល់ ២៣២៥ នាក់ កំ ពុងបម្រើការនៅការិយាល័យទាំង ១៥៣ នៅទូទាំងប្រទេសកម្ពុជា។
ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក
ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក គឺជាសកម្មភាពដែលហត្ថាកសិករអនុវត្តជាប្រចាំដែលមិនអាចខ្វះបាន ក្នុងទិសដៅតម្រង់ទិស និងបំពាក់បំប៉នចំណេះដឹង និងវិជ្ជាជីវៈជំនាញទៅកាន់បុគ្គលិកស្ថាប័នរាប់បញ្ចូលទាំងបុគ្គលិកទើបជ្រើសរើសថ្មី និងបុគ្គលិក កំពុងបំពេញកិច្ចការងារប្រចាំថ្ងៃ។ វគ្គបណ្តុះបណ្តាលផ្សេងៗ ត្រូវបានរៀបចំតាមកាលវិភាគដ៏ជាក់លាក់ក្រោមការបណ្តុះបណ្តាល ពីសំណាក់ថ្នាក់ដឹកនាំក្នុងស្ថាប័ន និងគ្រូជំនាញពីប្រភពខាងក្រៅ។ ក្នុងឆ្នាំកន្លងទៅ សិក្ខាកាមចំនួន ៣៧៣ នាក់ ត្រូវបានអញ្ជើញ ចូលរួមនៅក្នុងវគ្គតម្រង់ទិស និង៣២៤នាក់ផ្សេងទៀតបានចូលរួមនៅក្នុងវគ្គសិក្សាពីមូលដ្ឋានគ្រឹះ។ ជាមធ្យមបុគ្គលិកម្នាក់ មានលទ្ធភាព ចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះយ៉ាងតិចម្តងក្នុងមួយឆ្នាំ ដែលមានយ៉ាងតិច៦មុខវិជ្ជារាប់បញ្ចូល។ ក្រៅពីនេះ ការអភិវឌ្ឍន៍ធនធានខាងក្នុង ហត្ថាកសិករ បានរួមចំណែកកិច្ចការសង្គមក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតតាមរយៈ ការផ្តល់ការងារស្ម័គ្រចិត្ត ដើម្បីពួកគេទទួលបានបទពិសោធន៍ការងារជាក់ស្តែងសម្រាប់គោលបំណង និក្ខេបបទ និងអាជីព នាពេលអនាគត។