ហត្ថាកសិករ លីមីតធីត បង្កើនដើមទុនរហូតដល់ ១៥០ លានដុល្លារអាមេរិក
ភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨៖ ហត្ថាកសិករ លីមីតធីត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មាន ទស្សនវិស័យជួយអោយអតិថិជនរបស់ខ្លួនទទួលបានជោគជ័យលើអាជីវកម្ម។ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងដើម្បី បំពេញតំរូវការហិរញ្ញវត្ថុរបស់អតិថិជន ព្រមទាំងបង្កើតអោយមានសេវាហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដូចនេះហើយទើបហត្ថាកសិករ បាន បង្កើនដើមទុនថ្មីចំនួន ៤៥លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើអោយដើមទុនបានកើនឡើងរហូតដល់ ១៥០លានដុល្លារអាមេរិក ។
ការបង្កើនដើមទុននៅពេលនេះ បានបង្ហាញនូវការវិនិយោគថ្មីបន្ថែមទៀតរបស់ធនាគារក្រុងស្រ៊ី ដែលជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុ អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទសជប៉ុន និងជាសម្ព័ន្ធ សេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។ ការវិនិយោគថ្មីនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត របស់ធនាគារក្រុងស្រ៊ី មកលើថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងរបស់ហត្ថាកសិករ ដែលបានធ្វើអោយហត្ថាកសិករ មានការរីកចំរើនថែមមួយ កម្រិតទៀត និងបំរើសេវាកម្មជូនអតិថិជនកាន់តែទូលំទូលាយ បន្ទាប់ពីបានក្លាយជាម្ចាស់ភាគទុននិកថ្មីរបស់ហត្ថាកសិករក្នុងឆ្នាំ ២០១៦។ ធនាគារក្រុងស្រ៊ី សង្ឃឹមយ៉ាងមុតមាំថា ការបង្កើនដើមទុននៅពេលនេះនឹងអាចចូលរួមចំនែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានលើកឡើងថា ការបន្ថែមដើមទុនថ្មីនេះ អាចអោយហត្ថាកសិករ បន្តការរីកចម្រើន និងរក្សាបាននូវភាពខ្លាំងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា ព្រមទាំងធ្វើអោយសម្រេចបានទៅតាមបេសកកម្ម និង ទស្សនវិស័យរបស់ខ្លួនផងដែរ។ កាន់តែសំខាន់ជាងនេះទៅទៀត វាមិនត្រឹមតែបានបង្ហាញពីការធានា អំពីសេ្ថរភាពអាជីវកម្មរបស់ ហត្ថាកសិករប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញអំពីជំនឿជឿជាក់របស់អតិថិជន វិនិយោគទុន និងសាធារណជនមកលើហត្ថាកសិករផងដែរ។ ការសម្រេចបាននៅក្នុង ពេលនេះ ប្រាកដជាមិនអាចកើតមានទេ ប្រសិនបើមិនមានការគាំទ្រពីសំណាក់ស្ថាប័នដែលពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ហួត អៀងតុង សូមសំដែងនូវការដឹងគុណ និងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងតែគំាទ្រ និងជំរុញលើកទឹកចិត្ត ដើម្បីធ្វើអោយហត្ថាកសិករ បានរីកលូតលាស់ និងជោគជ័យមួយកម្រិតទៀត។
លោក Dan Harsono អនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ហត្ថាកសិករ បានលើកឡើងថា “ ការបន្ថែមដើមទុនថ្មីចំនួន ៤៥លានដុល្លារអាមេរិកនៅថ្ងៃនេះ គឺបានបង្ហាញពី ជំនឿចិត្តយ៉ាងមុតមាំរបស់ធនាគារក្រុងស្រ៊ី ទៅលើការរីកចម្រើន និងស្ថេរភាពនៃវិស័យហិរញ្ញវត្ថុ ព្រមទាំងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងនឹងនៅតែបន្តសហការ និង គាំទ្រដល់ហត្ថាកសិករជានិច្ច។”
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មប្រមូលប្រាក់បញ្ញើសន្សំពីសាធារណជនធំ លំដាប់ទី៣ នៅប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៍ជាង ២០ឆ្នាំ ហត្ថាកសិករបានក្លាយជាស្ថាប័នឈានមុខគេ ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុ យ៉ាងសម្បូរបែបដល់អតិថិជនជាសហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងអតិថិជនជារូបវន្តបុគ្គលដូចជាសេវាឥណទានអាជីវកម្ម និងកសិកម្ម ខ្នាតតូចបំផុត សេវាឥណទានខ្នាតតូច និងមធ្យម សេវាឥណទានគេហដ្ឋាន សេវាឥណទានកែលំអគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ និងសេវាហិរញ្ញវត្ថុ ផ្សេងៗទៀតនៅគ្រប់ការិយាល័យទាំង ១៧៨ និងអេធីអឹមទាំង ១២៩ (២៤/៧) ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ហត្ថាកសិករ មានសេវាធនាគារចល័តដែលអាចបំរើអតិថិជនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ហត្ថាកសិករ មានសមតុល្យប្រាក់បញ្ញើសន្សំចំនួន ៤០៩លានដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ២២៧,៦៧៩នាក់ និងមានសំពៀត ឥណទានចំនួន ៦៦០លានដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ១៣៥,៣៤៥នាក់។ ហត្ថាកសិករ មានទ្រព្យសកម្មសរុបចំនួន ៨០៤លានដុល្លារអាមេរិក គិតត្រឹមចុងខែមិថុនា ឆ្នាំ២០១៨ ។
នៅក្នុងឆ្នាំ២០១៦ ហត្ថាកសិករ លីមីតធីត បានក្លាយជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាសមាជិកនៃធនាគារ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុតនៅប្រទសជប៉ុន និងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។